ដំណើរកម្សាន្តបោះតង់ និងឡើងជួរភ្នំឱរ៉ាល់របស់ខ្ញុំ

Chhouk Davy| M-E, Programming, Space, Technology.
ថ្ងៃទី៖ 15 កក្កដា 2020
ប្រវែង៖ 2 នាទី
សួស្ដីទាំងអស់គ្នា! ថ្ងៃមុនខ្ញុំបានទៅលេងជួរភ្នំឱរ៉ាល់ដែលជាជួរភ្នំដែលមានភ្នំខ្ពស់ជាងគេនៅប្រទេសយើងមានឈ្មោះថាភ្នំខ្ជោល។ នៅកំពូលភ្នំខ្ជោលនេះ រយៈកម្ពស់បើធៀបនឹងកម្ពស់ទឹកសមុទ្រមានកម្ពស់ 1813 ម៉ែត្រ។ ជួរភ្នំឱរ៉ាល់នេះស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ដំណើរកម្សាន្តនេះជាកំណើរកម្សាន្តបែបផ្សេងព្រេង ដើរឡើងភ្នំ និងបោះតង់ជាក្រុម ហើយក្រុមរបស់ខ្ញុំមានគ្នាប្រហែល 20 នាក់។ ដំណើរកម្សាន្តនេះប្រើពេល 1 យប់ និង 2 ថ្ងៃ។ ម្នាក់ៗត្រូវត្រៀមតង់ ម្ហូបអាហារ ទឹក និងរបស់ប្រើប្រាស់រាងៗខ្លួនសម្រាប់ដំណើរកម្សាន្តនេះ។
ថ្ងៃទី១៖ ចេញដំណើរពីភ្នំពេញ និងដើរឡើង
យើងធ្វើដំណើរចេញពីភ្នំពេញដោយជួបជុំគ្នានៅប្រមាណម៉ោង 3 ព្រលឹមហើយចំណាយពេលប្រហែល 2 ម៉ោង 30 នាទីដើម្បីទៅដល់សហគមន៍ទេសចរណ៍ឱរ៉ាល់នៅប្រមាណម៉ោង 6 ព្រឹក។ តាមផ្លូវចូលពីផ្លូវជាតិទៅសហគមន៍ ពួកយើងក៏បានឈប់មើលថ្ងៃរះដែលវាមានភាពស្រស់ស្អាតមែនទែនដែលប្លែកភ្នែកដោយធម្មតាព្រឹកឡើងក្រោកមិនដែលទាន់ថ្ងៃរះទេ ហើយឃើញតែភ្លើងអំពូលក្នុងបន្ទាប់ដែលងងឹតឈឹងនាពេលព្រឹក។
បន្ទាប់មកពួកខ្ញុំរកស្រស់ស្រូបអាហារពេលព្រឹកដោយក្នុងភូមិមានលក់បបរ បាយ និងគុយទាវដែរ។ បន្ទាប់ពីស្រស់ស្រូបហើយ យើងត្រូវធ្វើដំណើរដោយគោយន្តជាមួយអ្នកនាំផ្លូវចំនួន 3 រូបដែលពួកគាត់នាំយើងដើរផ្សងព្រេងទៅកាន់កំពូលភ្នំ។
យើងត្រូវចំណាយពេលប្រហែលជា 2 ម៉ោងដើម្បីទៅដល់ចំណុចដែលយើងត្រូវចាប់ផ្ដើមដើរឡើងនៅប្រមាណម៉ោង 9 ព្រឹក។ នៅតាមផ្លូវយើងអាចមើលទេសភាពជួរភ្នំពីចម្ងាយដែលមានភាពស្រស់ស្អាត និងស្រស់ស្រាយខ្លាំង ហើយអារម្មណ៍របស់យើងនឹងធូរស្រាលរំសាយទៅតាមហ្នឹងដែរ។ ពេលពួកខ្ញុំទៅដល់ចំណុចដែលត្រូវដើរឡើង ពួកខ្ញុំត្រូវរៀបចំឥវ៉ាន់ឱ្យរៀបរយដើម្បីមានភាពងាយស្រួលក្នុងការដើរឡើង។
ផ្លូវដើរឡើងមាន 3 ដំណាក់ពីចំណុចដើរឡើងទៅដល់ដំណាក់ទី 1 ដំណាក់ទី 2 និងកំពូល។ ដោយសារយើងចេញដើរប្រហែលម៉ោង 9.15 ទៅហើយពួកយើងដាក់គោលដៅថានឹងត្រូវដើរឡើងឱ្យដល់ដំណាក់ទី 2 ហើយបោះតង់នៅទីនោះសម្រាកមួយយប់សឹមឡើងទៅកំពូលនៅព្រឹកថ្ងៃបន្ទាប់។
ពួកខ្ញុំចេញពីចំណុចដើរឡើងនៅប្រហែលម៉ោង 9.15 ព្រឹកហើយទៅដល់ដំណាក់ទី 1 នៅប្រមាណម៉ោង 11 ព្រឹកដោយចំណាយពេលប្រហែល 2 ម៉ោង។ ចំពោះស្ថានភាពផ្លូវដើរវិញមិនសូវជាមានភាពលំបាកនោះទេដោយភាគច្រើនជាផ្លូវរាបស្មើរ ឆ្លងកូនអូរកាត់ផ្លូវតូចៗ ព្រៃឫស្សី និងផ្លូវព្រៃឡើងមធ្យម។
បន្ទាប់ពីដល់ដំណាក់ទី 1 ហើយពួកខ្ញុំនាំគ្នាសម្រាកបន្តិច និងពិសារអាហារថ្ងៃត្រង់។ នៅដំណាក់ទី 1 នេះក៏មានកូនអូរទឹកធ្លាក់មួយដែរដែលយើងអាចមុជ លប់មុខ លាងដៃ លាងជើងបាន។ ទឹកត្រជាក់ស្រួលមែនទែន! បន្ទាប់ពីសម្រាក ស្រស់ស្រូបអាហារថ្ងៃត្រង់ និងលេងទឹកហើយប្រហែល 1 ម៉ោង ពួកខ្ញុំបន្តដំណើររបស់ពួកខ្ញុំបន្តទៀតនៅប្រហែលម៉ោង 12 ថ្ងៃត្រង់។
ផ្លូវដើរពីដំណាក់ទី 1 ទៅដំណាក់ទី 2 មានសភាពចោតខ្លាំងដែលពិបាកក្នុងការឡើងបន្តិច មានកន្លែងខ្លះយើងត្រូវតោងខ្សែឡើងទៀតផង។ តែបើបន្ទាប់ពីអាចឆ្លងផុតពីដំណាក់ទី 1 ទៅដំណាក់ទី 2 ហើយនោះវាមានភាពងាយស្រួលហើយដោយកន្លែងផ្សេងទៀតមិនលំបាកជាងហ្នឹងទេ។
តែថាតែថា កង់ខ្ញុំបែកតាំងតែពីចេញពីដំណាក់ទី 1 ផ្លូវរាបស្មើរភ្លាមមកម្ល៉េះ 😢។ ខ្ញុំឈឺជើងដោយសារខានដើរផ្លូវឆ្ងាយអ៊ីចឹងយូរហើយ ហើយក៏មិនបានហាត់ប្រាណញឹកញាប់ដែរថ្មីៗមុននឹងឡើងមកហ្នឹង។ ខ្លួនចាស់ជាងមុនហើយអ្វីៗមិនដូចមុនទៀតទេ។ ដើរអូសជើងរហូតពីដំណាក់ទី 1 ទៅដល់ដំណាក់ទី 2។ ដោយសារបានបងៗទៅជាមួយជួយសម្រួលទីបំផុត ខ្ញុំបានទៅដល់ទៅបោះតង់បានសម្រេច 💪 ហើយខ្ញុំសប្បាយចិត្តមែនទែនពេលបានឃើញកន្លែងបោះតង់ភ្លាមព្រោះថាបានសម្រាកហើយ។
ពួកខ្ញុំបានទៅដល់ដំណាក់ទី 2 នៅប្រហែលម៉ោង 4.30 ថ្ងៃ។ ពួកខ្ញុំត្រូវដើរបន្តរហូតដល់ទៅប្រហែលជា 4 ម៉ោងជាងដើម្បីបានទៅដល់ដំណាក់ទី 2 នេះ។ ហើយពេលទៅដល់មានចុះអាប់ និងរាងត្រជាក់ល្មមមិនសូវជាត្រជាក់ខ្លាំងនោះទេទោះជាមានភ្លៀងរលឹមក៏ដោយនៅដំណាក់ទី 2 នេះ។
ពេលដល់ហើយពួកខ្ញុំបានរៀបចំបោះតង់ និងរៀបចំចម្អិនអាហារពេលល្ងាច។ ហើយនៅដំណាក់ទី 2 ក៏មានកូនអូរទឹកធ្លាក់ដូចនៅដំណាក់ទី 1 ដែរតែវានៅរាងឆ្ងាយពីកន្លែងបោះតង់បន្តិចត្រូវដើរទៅ។ ទឹកមានសភាពថ្លា និងត្រជាក់ល្អណាស់ព្រោះមានខ្សាច់ច្រោះ និងវាធ្លាក់មកតាមចន្លោះថ្ម។
បន្ទាប់ពីអាហារពេលល្ងាចហើយ យប់ឡើងពួកខ្ញុំមានជុំគ្នានិយាយគ្នាលេង ហើយពួកខ្ញុំនៅរហូតដល់ប្រហែលម៉ោង 11.30 យប់និយាយគ្នាពីនេះពីនោះ និងមានទឹកកំដៅពោះតិចដែរទោះមែនទែនទៅមិនសូវជាត្រជាក់ប៉ុន្មាន។
ហើយសម្រាប់ថ្ងៃទី 1 មានប៉ុណ្ណឹង។ មួយថ្ងៃហ្នឹងស្រស់ថ្លាមែនទែន ហើយចិត្តក៏មិនបានគិតអីច្រើនក្រៅតែពីមើលទេសភាព ខំប្រឹងដើរឡើងធ្វើយ៉ាងណាឲ្យដល់កន្លែងបោះតង់ ហើយនឹងបានសម្រាក។ ហើយបំភ្លេចទៅរឿងអនឡាញ នៅទីនោះគ្មានសេវាទូរស័ព្ទទេ។
ថ្ងៃទី២៖ ឡើងទៅកំពូល និងត្រលប់មកវិញ
ថ្ងៃបន្ទាប់ពួកខ្ញុំណាត់គ្នាថាត្រូវក្រោកម៉ោង 6 ព្រឹកដើម្បីឡើងរៀបចំដើម្បីឡើងទៅកំពូលភ្នំ។ បន្ទាប់ពីបានសម្រាកមួយយប់ ព្រឹកឡើងគ្រប់គ្នាមានកម្លាំងបន្តិចហើយយើងដើរឡើងបន្តទៅដល់កំពូលភ្នំចំណុចដែលមានកម្ពស់ខ្ពាស់បំផុតនៃជួរភ្នំ។ ពួកខ្ញុំចាប់ចេញដំណើរប្រហែលម៉ោងជិត 7 ព្រឹកទៅហើយ ហើយពួកយើងបានទៅដល់កំពូលភ្នំនៅប្រមាណម៉ោង 11 ព្រឹក។ ហើយការដែលយើងដើរឡើងពេលព្រឹក មានថ្ងៃរះចូលតាមប្រឡោះស្លឹកឈើតិចៗហ្នឹងស្រស់ស្រាយល្អណាស់។
បន្ទាប់ពីសម្រាក និងថតរូបហើយរួចរាល់ ពួកខ្ញុំបានចេះមកវិញមកដំណាក់ទី 2 ដែលពួកយើងបានទុកឥវ៉ាន់នៅនឹងតង់នៅឡើយ ហើយមកបាយថ្ងៃត្រង់នៅទីនេះវិញ និងសម្រាកបន្តិចមុននឹងចុះមកក្រោមវិញ។ ពួកខ្ញុំត្រៀមរៀបចំឥវ៉ាន់ និងរបស់រប ខ្ចប់សម្រាមស្ពាយត្រលប់មកក្រោមវិញ ហើយយើងចាប់ផ្ដើមចុះមកវិញនៅប្រមាណម៉ោង 2 ថ្ងៃរសៀល។ ពួកខ្ញុំត្រូវចុះឲ្យដល់កន្លែចចំណុចចាប់ផ្ដើមដើរឲ្យបានលឿនបំផុតជៀសវាងយប់ពីបាកដើរ។
ដោយដើរជិតពីថ្ងៃហើយ ជើងក៏ចាប់ផ្ដើមឈឺ ហើយថែមទាំងមានភ្លៀងធ្លាក់ទៀតនោះ វាពិតជាបទពិសោធន៍ដើរចុះដែលមិនអាចបំភ្លេចបាន។ ខ្ញុំដួលអុកគូទម្ដងដែរតែមានកាតាបនៅពីក្រោយមិនជាឈឺអីទេ ហើយបើនិយាយពីស្បែកជើងខ្ញុំវិញសិកបាតបាត់អស់ហើយដើររអិលមិនឈប់ ស្លាយដ៍ផ្លូវដើរឡើងរលោងអស់ហើយ។ ទីបំផុតទៅពួកខ្ញុំអាចចុះមកដល់កន្លែងគោយន្តចាំយកមុនងងឹតបានមែននៅប្រហែលម៉ោង 6 ឫ 7 ល្ងាច។
ពេលមកដល់មានកូកាចាំ ហើយកាលដែលបានកូកាពេលនោះដូចត្រូវឆ្នោតអ៊ីចឹង។ វាគ្មានអីអាចអធិប្បាយអារម្មណ៍នៅពេលនោះបានទេ។ ពួកខ្ញុំសម្រាក និងលេងទឹកនៅទីនោះមួយឆ្អែតមុននឹងចេញគោយន្តមកភូមិវិញ ហើយឡើងឡានក្រុងត្រលប់មកភ្នំពេញវិញដល់នៅប្រហែលម៉ោង 12 យប់។ វាជាដំណើរកម្សាន្តដ៏សប្បាយមួយ ហើយអរគុណគ្រប់គ្នាមែនទែនដែលបានរៀបចំដំណើរកម្សាន្តនេះឡើងមក និងធ្វើឲ្យវាបទពិសោធន៍ដែលមិនអាចបំភ្លេចបានដូចនេះ។ អរគុណ៕