បើយើងនៅជាមួយបញ្ហាយូរល្មម យើងគង់តែនឹងដោះស្រាយបាន

Chhouk Davy| M-E, Programming, Space, Technology.
ថ្ងៃទី៖ 7 មិថុនា 2020
ប្រវែង៖ 1 នាទី
ពេលខ្លះមានបញ្ហាដែលយើងជួប យើងព្យាយាមដោះស្រាយវាតែមិនអាចនឹករកឃើញចម្លើយភ្លាមៗ ឫព្យាយាមដោះស្រាយហើយតែមិនសម្រេច។ យើងគិតថាមិនអាចទៅរួច និងបែរទៅរកធ្វើអីផ្សេងវិញ។ ហើយបើមិនត្រលប់មកដោះស្រាយវិញទេ យើងប្រហែលជាភ្លេចវាបាត់តែម្ដង។
តែតាមពិតទៅខ្ញុំថា វាគ្រាន់តែយើងមិនទាន់បានចំណាយពេលនឹងវាគ្រប់គ្រាន់នៅឡើយទេ។ បើយើងនៅតស៊ូជាមួយនឹងបញ្ហាយូរល្មម យើងគង់តែនឹងដោះស្រាយវាបាន។ យើងនឹងយល់ពីបញ្ហាកាន់តែច្បាស់ ហើយយើងក៏គួរតែបានដឹងដែរថាវិធីណាទៅរួច និងវិធីណាមិនបានការ។
វាពិតថាយើងគួរចំណាយពេលឲ្យបានច្រើនដើម្បីដោះស្រាយបញ្ហាដែលយើងជួបនេះឲ្យបាន តែយើងមិនគួរចំណាយពេលជាប់ៗគ្នាយូរព្យាយាមដោះស្រាយឲ្យចេញតែម្ដងទេ។ បើធ្វើបែបនឹង វាមិនមានប្រសិទ្ធិភាពទៅវិញទេ។ បើតាមបទពិសោធន៍ខ្ញុំតែងតែ៖
- យកពេលសម្រាកបន្តិចសិនបើយើងមានអារម្មណ៍ថានឿយហត់ខ្លាំងហើយ
- ងាកមកធ្វើអ្វីមួយផ្សេងសិន សឹមត្រលប់មកដោះស្រាយបញ្ហានឹងបន្ត
- ដើរជុំវិញមួយជុំពីរសិន នោះពេលស្រស់ស្រាយយើងប្រហែលជាអាចនឹងឃើញវិធីដោះស្រាយបញ្ហាបានងាយជាងមុន
- អាននេះអាននោះដែលទាក់ទងនឹងបញ្ហាដែលយើងព្យាយាមដោះស្រាយ វានឹងជួយផ្ដល់ជាគំនិតដល់យើងបានច្រើន
អ្វីដែលសំខាន់គឺយើងមិនបោះបង់ និងនៅតែព្យាយាមដោះស្រាយវា។ ពេលដែលយើងព្យាយាមយូរល្មម យើងនឹងអាចដោះស្រាយវាបាន!