មានអ្វីកើតឡើងពេល Apple ប្ដូរមក ARM?

កាលពីយប់ម្សិលមិញថ្ងៃទី 22 មិថុនា 2020 ក្រុមហ៊ុន Apple បានបញ្ចេញផលិតផលថ្មីរបស់ខ្លួនប្រចាំឆ្នាំ។ មិនដឹងថាអ្នកទាំងអស់គ្នាបានមើល WWDC 2020 របស់ Apple យប់មិញដែរឫទេ? ហើយចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតមួយនោះគឺ Apple បានប្ដូរមកប្រើបន្ទះឈីប ARM ជំនួសបន្ទះឈីប x86 ដែល Apple ប្រើកន្លងមក។ តើការផ្លាស់ប្តូរនេះវាមានន័យយ៉ាងណា? ហើយបើតាមការបង្ហាញរបស់ Apple ក្នុងកម្មវិធី WWDC យប់មិញនេះ Apple អាចនឹងជោគជ័យដែរឫទេ បន្ទាប់ពី Microsoft បានបរាជ័យម្ដងរួចទៅហើយជាមួយ Surface Pro X ដែលប្រើ ARM ដែរនោះ?

អ្វីទៅជា ARM? ហើយចុះ x86?

ARM ឫ Advanced RISC​ (Reduced Instruction Set Computing) Machine ជា Processor Architecture ឫក៏ CPU Architecture របស់កុំព្យូទ័រមួយប្រភេទដែលគណនាបានដោយប្រើ Instruction Set តិចជាង Architecture ផ្សេងទៀត។ ARM Architecture នេះបង្កើតដោយក្រុមហ៊ុន ARM Holdings។ ហើយក្រុមហ៊ុន ARM Holdings បានផលិតបន្ទះឈីបប្រើ ARM Architecture នេះដែលរួមមាន SoC (Systems-on-Chips) ដែល Apple ប្រើនឹងឯង និង SoM (Systems-in-Modules)។ ចំនែកឯ x86 ជា Architecture របស់ Intel ដែលជាប្រភេទ CISC (Complex Instruction Set Computing) ដែលផ្អែកលើ Architecture របស់ 8086 Microprocessor។​

ដោយ ARM ប្រើចំនួនជុំនៃការគណនាតិចមានន័យថាវាត្រូវការត្រង់ស៊ីស្ទ័រតិចដែលនាំឲ្យវាស៊ីភ្លើងតិច មិនសូវក្ដៅ ហើយមានតម្លៃធូរថ្លៃជាង x86។ ​ARM ត្រូវបានគេប្រើច្រើនសម្រាប់ឧបករណ៍ដែលមានរាងតូចៗ ឬស្ដើងៗដូចជាទូរស័ព្ទជាដើម ចំនែកឯ x86 នេះមានប្រើច្រើនសម្រាប់កុំព្យូទ័រ និងថែបប្លេត។

ចុះបើ ARM ល្អអ៊ីចឹងហេតុអ្វីបានជាគេមិនប្រើវាសម្រាប់កុំព្យូទ័រយូរណាស់ហើយ?

យើងត្រូវដឹងថា កម្មវិធី ឫហ្គេមដែលគេសរសេរសម្រាប់ Architecture មួយណានោះវាមិនអាចដំណើរការលើ Architecture ផ្សេងបានទេលើកតែ Architecture នោះស្គាល់គ្នា។ ប្រហែលអ្នកទាំងអស់គ្នាធ្លាប់បានឃើញហើយ Windows មាន x86 (32 bits) ដែលចេញមុន x64 (64 bits)។ កម្មវិធីដែលសរសេរសម្រាប់ x64 មិនអាចយកមកដាក់លើ x86 បានទេ។

Intel ជាក្រុមហ៊ុនផលិតឈីបធំជាងគេតាំងពីដើមមក។ ហើយក្រុមហ៊ុនផលិតកុំព្យូទ័រភាគច្រើនប្រើឈីបរបស់ ​Intel ដែលប្រើ Architecture x86 ក្រោយមក x64 ហ្នឹងឯង។ ចង់មិនចង់កម្មវិធី និងហ្គេមភាគច្រើនត្រូវបានគេសរសេរសម្រាប់ Architecture x86 នេះតាំងពីដើមមក។

ARM ដែលចេញក្រោយ ហើយផលិតដោយក្រុមហ៊ុនផ្សេងពី Intel ទោះបីជាល្អជាងក៏ដោយក៏ក្រុមហ៊ុនកុំព្យូទ័រទាំងឡាយមិនអាចផ្លាស់ប្ដូរមកប្រើវាបានភ្លាមៗទេ។ ផ្លាស់មក ARM បានល្គិកណាតែអ្នកសរសេរសូហ្វវែរ៍ កម្មវិធីកុំព្យូទ័រ និងហ្គេមទាំងឡាយព្រមចំណាយពេលកែកូដសម្រាប់ ARM នេះបានដែលមិនទាន់មានទីផ្សារផងនោះ។ ម្លោះហើយគេនៅតែប្រើឈីបពពួក x86 នេះរហូតមក។

ឧទាហរណ៍ជាក់ស្ដែង Microsoft បានចេញ Surface Pro X កាលពីចុងឆ្នាំមុន 2019។ Surface Pro X នេះប្រើ ARM Architecture នេះ។ Microsoft មិនជោគជ័យទេជាមួយផលិតផលមួយនេះដោយសារកម្មវិធីដែលចាំបាច់ប្រចាំថ្ងៃប្រើមិនស្រួលនោះទេ។ សូម្បីតែ Chrome ក៏ដើរមិនរួចផងមិនបាច់និយាយដល់ Photoshop ឫកម្មវិធីធំៗផ្សេងទៀតទេ។ Microsoft ចេញ Surface នេះទាំងដែលសូហ្វវែរ៍ផ្សេងៗមិនទាន់រួចរាល់សម្រាប់ Architecture ARM នេះទេ។

ARM ទើបតែពេញនិយមនៅពេលដែលគេត្រូវការសម្រាប់ផលិតស្មាតហ្វូនដែលមានរាងតូចស្ដើងហ្នឹងទេ។ ចំនែកឯកុំព្យូទ័រនៅតែប្រើ x86 ដដែលព្រោះវាមិនទាន់ចាំបាច់ខ្លាំងដោយកុំព្យូទ័រមានទំហំធំ ហើយណាមួយដូចបាននិយាយខាងដើមហើយថាសូហ្វវែរ៍របស់កុំព្យូទ័រភាគច្រើនត្រូវបានគេសរសេរសម្រាប់ Architecture x86 ដែលមានទីផ្សារស្រាប់។

បន្ទាប់ពី Microsoft ដល់វេន Apple ម្ដង

Apple Silicon

Apple Silicon

អ្នកទាំងអស់គ្នាបានឃើញហើយក្នុងកម្មវីធី WWDC របស់ Apple យប់មិញ។ Apple បានប្រកាសទាំងមានទំនុកចិត្តថា​ macOS Big Sur ដែលជាប្រព័ន្ធប្រត្តិបត្តការថ្មីនឹងប្តូរមកប្រើ ARM​ (Apple Silicon) វិញ។ សម្រាប់ការត្រៀមប្ដូរមក ARM ៖

  • Apple បានសរសេរកម្មវិធីដែលជាប់មកជាមួយ macOS ទាំងអស់សារថ្មីសម្រាប់ Architecture ARM ថ្មីនេះ។
  • គេអាចបញ្ចូលកម្មវិធីដែលមានក្នុង Apple Store សម្រាប់ iOS និង iPadOS មកប្រើលើ macOS បាន។
  • Apple បាន​ត្រៀម Rosetta 2 សម្រាប់ធ្វើឲ្យកម្មវិធី x86 ដែលមានស្រាប់សម្រាប់ macOS មុនៗអាចរាន់លើ Big Sur ដែលប្រើ ARM បាន។
  • Universal 2 អាចជួយឲ្យគេអាច build កម្មវិធីជាថ្មីសម្រាប់ ARM ដោយងាយស្រួលបាន។
  • Virtualization អាចឲ្យគេប្រើ Linux លើ Mac បាន។
  • Apple មាន​កម្មវិធី Quick Start Program ក្នុងគោលបំណងជួយ Developers ប្ដូរកម្មវិធីរបស់ពួកគេមក Architecture ថ្មីនេះបានដោយមានពេល 2 ឆ្នាំ ហើយមាន Development Kit មួយឈុត។

មិនត្រឹមតែប៉ុណ្ណឹងទេ Apple ថែមទាំងបានសហការជាមួយ Microsoft ឲ្យសរសេរ Microsoft Office ជាថ្មីសម្រាប់ ARM និង Adobe ឲ្យសរសេរកម្មវិធី Creative Clouds ដែលរួមមាន Photoshop, Premier Pro ជាដើមហ្នឹងសារជាថ្មីសម្រាប់ ARM ផងដែរ។ ក្នុង Demo របស់ Apple យើងឃើញថាកម្មវិធិដែលយើងត្រូវការចាំបាច់ប្រចាំថ្ងៃអាចដំណើរការបានលឿនយ៉ាងរលូន។ Animation ក្នុង Final Cut Pro ឡូដមកលឿនគួរជាទីពេញចិត្ត។

តើ Apple អាចនឹងបរាជ័យដូច Microsoft ទេ?

បើតាម Demo ដែល Apple បានបង្ហាញ និងការត្រៀមយ៉ាងច្រើនជាពិសេសកម្មវិធីជួយដល់ Developer ឲ្យប្ដូរមក ARM បានងាយស្រួល ហើយបើគ្រប់យ៉ាងដំណើរការល្អដូចដែល Apple បានបង្ហាញ ខ្ញុំយល់ថា Apple នឹងទទួលបានជោគជ័យក្នុងការប្តូរមក ARM នេះ។ លើកនេះវាខុសពី Microsoft ដែលចេញតែ Surface Pro X មួយដោយ Apple គិតគូរបានច្រើនជាង ហើយប្ដូរមកទាំងអស់តែម្ដង។ បើសិនជា Apple បានជោគជ័យ ក្រុមហ៊ុនផ្សេងៗទៀតនឹងប្ដូរមក ARM តាម​ Apple ដែរហើយ។

តើ Intel នឹងអាចមានអនាគតដូច Nokia ដែរឫទេ?

ចម្លើយគឺអាច ប្រសិនបើ Intel នៅតែមានភាពយឺតយាវមិនធ្វើអ្វីមួយដើម្បីដោះស្រាយបញ្ហា។ ទី1 AMD បានវាយលុក Intel យ៉ាងខ្លាំងសម្រាប់ 2-3 ឆ្នាំចុងក្រោយនេះ ដោយ CPU របស់ AMD មានចំនួន Core និង Thread ច្រើនជាងហើយដំណើរការបានលឿនជាងថែមទាំងមានតម្លៃធូថ្លៃជាងទៀត។ សូម្បីតែលោក Linus Torvalds ក៏ប្ដូរមកប្រើ CPU របស់ AMD វិញដែរ។ ឥឡូវ Intel ត្រូវបាន Apple ដោះដៃចោលទៀត។ ហើយដូចខ្ញុំបានលើកឡើងមុននឹងហើយថាប្រសិនជា​ Apple បានជោគជ័យក្រុមហ៊ុនផ្សេងៗទៀតអាចនឹងតាម Apple ដែរ។ ពេលនោះ Intel នឹងជួបវិបត្តធ្ងន់ធ្ងរហើយ។ អ៊ីចឹងហើយលទ្ធភាពដែល Intel អាចមានអនាគតដូច Nokia គឺពិតច្បាស់ជាមានមែន។

សរុបសេចក្ដី

Apple ប្ដូរមក ARM ជារឿងគួរឲ្យចាប់អារម្មណ៍មួយ។ ហើយយើងចាំមើលទាំងអស់គ្នាថានឹងមានអ្វីកើតឡើង។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? បើយល់ឃើញខុសពីខ្ញុំ ឫក៏មានមតិយោបល់បន្ថែម សូមកុំភ្លេចខមិននៅខាងក្រោម។

ចំនួនអាន៖ 140
ចែករំលែក៖
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ពេញនិយម
Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

ដំណើរកម្សាន្តបោះតង់ និងឡើងជួរភ្នំឱរ៉ាល់របស់ខ្ញុំ

Article's thumbnail

ពេលធ្វើ Software Project មិនគួររំលងរបស់ទាំងអស់នេះ

Article's thumbnail

មានអ្វីកើតឡើងពេល Apple ប្ដូរមក ARM?

Article's thumbnail

អ្វីទៅ UX/UI?

អត្ថបទ​ថ្មីៗ
Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

Article's thumbnail

ចាវ៉ាស្ក្រីបត៍ក្នុងប្រៅស៍ស័រ

Article's thumbnail

គួរប្រើ Storage មួយណាសម្រាប់វែបសាយ?

You've reached singularity, the beginning of time!