រឿងដែលកំពុងតែកើតឡើងមកលើ Intel

សួរស្ដីព្រឹកថ្ងៃច័ន្ទ! ថ្ងៃនេះយើងមកមើលរឿងដែលកើតឡើងមកលើក្រុមហ៊ុន Intel ដែលយើងអាចនិយាយបានថាចំណុចរបត់ប្រវត្តិសាស្ត្ររបស់​វិស័យ Computing កំពុងនឹងកើតឡើង។ យើងដឹងហើយថា CPU របស់ Intel តែងតែជាជម្រើសទីមួយមិន​ថាសម្រាប់ Laptop ឫ Desktop PC ទេនៅប្រមាណដប់សិបឆ្នាំចុងក្រោយនេះ។

តែវាមិនបែបនេះទៀតទេចាប់ពីពេលនេះតទៅ។ បើសិនជាខ្ញុំចង់រៀបកុំព្យូទ័រថ្មីមួយពេល ខ្ញុំនឹងមិនជ្រើសរើសយក CPU របស់ Intel ទៀតទេ។ នេះក៏ដោយសារតែថាបើធៀបតម្លៃនឹងអ្វីដែលយើងទទួលបាន វាមិនសមហេតុផលទៀតប៉ុន្មាននោះទេ។ យើងអាចបាន Performance ពី CPU របស់ AMD ខ្លាំងជាងពី CPU របស់ Intel ឆ្ងាយក្នុងតម្លៃប្រហាក់ប្រហែលគ្នា។

Intel

​Intel

សំនួរសួរថា៖ តើមានអ្វីកើតឡើងមកលើ Intel?

ហេតុផលមានច្រើន ពោលមានទាំងកត្តា Intel ខ្លួនឯងផ្ទាល់ កត្តាខាងក្រៅគឺថាក្រុមហ៊ុនផ្សេងៗដែលជាគូរប្រជែងរបស់ Intel និងភាពផ្លាស់ប្ដូររបស់បរិបទប្រើប្រាស់ផងដែរ។

បរាជ័យរបស់ Intel ខ្លួនឯងផ្ទាល់

បួនដប់ឆ្នាំក្រោយនេះលើកលែងពីរបីឆ្នាំចុងក្រោយ ហាក់ដូចជាគ្មានក្រុមហ៊ុនណាដែលអាចប្រគួតប្រជែងស្មើរមុខនឹង Intel បានទេ។ ដោយសារដោយសារតែបែបនេះហើយ អ្វីដែល Intel ធ្វើពីមួយឆ្នាំទៅមួយឆ្នាំនោះគឺគ្រាន់តែធ្វើឲ្យ Performance ប្រសើរជាងមុនតែប៉ុណ្ណោះហើយនៅតែអាចលក់បានច្រើនដដែល ដោយមិនមាន Core Architecture​ Innovation ច្រើនប៉ុន្មាននោះទេ។

Intel នៅតែប្រើ Process Node ទំហំ 14nm នៅឡើយទេសម្រាប់ CPU ចុងក្រោយរបស់ខ្លួន។ នេះវាខុសពីគម្រោងដើមរបស់ Intel ដែលថាខ្លូននឹងប្រើ Process Node ទំហំ 10nm សម្រាប់ CPU របស់ខ្លួនតាំងតែពីឆ្នាំ 2017 មកម្ល៉េះ ដោយវាត្រូវបានពន្យាពេលម្ដងហើយម្ដងទៀតក្នុងខណៈពេលដែលគូរប្រជែងរបស់ខ្លួនគឺ AMD បានប្រើ Process Node ទំហំ 7nm បាត់ទៅហើយ។

ពេលដែល Intel ត្រូវពន្យាពេលម្ដងហើយម្ដងទៀតបែបនេះ វាធ្វើឲ្យមានផលប៉ះពាល់ច្រើន។ ឧទាហរណ៍៖ អតិថិជនបាត់បង់ទំនុកចិត្តមកលើ Intel បុគ្គលិកសំខាន់ៗជាច្រើនបានចាកចេញពីក្រុមហ៊ុន ដែលទាំងនេះវាធ្វើឲ្យតម្លែហ៊ុនរបស់ Intel ធ្លាក់ចុះជាដើម។

AMD នាំមុខ Intel វិញម្ដង

ប៉ុន្មានឆ្នាំចុងក្រោយនេះ AMD បានបង្ហាញឲ្យពិភពលោកឃើញកាន់តែច្បាស់ថា AMD បានរីកចម្រើនកម្រិតណា។ AMD ខ្លួនឯងបានអះអាងថា CPU របស់ខ្លូួនជាកំពូល CPU របស់ពិភពលោក។ តាំងពីចេញ Zen ដែលជា Core Architecture មក វាបានអនុញ្ញាត្តិឲ្យ CPU សេរីថ្មីៗរបស់ AMD មានសមត្ថភាព និងប្រសិទ្ធិភាពកាន់តែខ្លាំងជាងមុនជារាងរាល់ឆ្នាំ។ យើង​បាន​ឃើញ​ទាំងអស់គ្នាហើយពីភាពខុសគ្នារវាងសម្ថភាព និងប្រសិទ្ធិភាព Ryzen​ 5000 Series របស់ AMD នឹង Processors របស់ Intel។

Dr. Lisa Su នៅកម្មវិធីប្រកាស AMD's Zen 3 និង Ryzen 5000 Series

Dr. Lisa Su នៅកម្មវិធីប្រកាស AMD's Zen 3 និង Ryzen 5000 Series (ប្រភព៖​ AMD)

👉 មើលកម្មវិធីប្រកាស AMD’s Zen 3 និង Ryzen 5000 Series បាននៅ៖ https://youtu.be/iuiO6rqYV4o

ហើយថ្មីៗនេះផងដែរ AMD ក៏បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្ដងទៀតដោយ AMD បានបញ្ចេញ GPU ជំនាន់ថ្មីរបស់ខ្លួនដែលធ្វើបានល្អដែលអាចធៀបនឹង GPU របស់ Nvidia បានទៅហើយ។

AMD Radeon™ RX 6000 Series

AMD Radeon™ RX 6000 Series (ប្រភព៖​ AMD)

👉 មើលកម្មវិធីប្រកាស AMD Radeon™ RX 6000 Series បាននៅ៖ https://youtu.be/oHpgu-cTjyM

ការសម្រេចបានរបស់ AMD ទាំងខាង CPU និង GPU បែបនេះប្រាកដណាស់ថានឹងរុញឲ្យ AMD ឡើងលើ Intel ហើយក្នុងពេលឆាប់ៗនេះប្រសិនបើ AMD នៅតែធ្វើបានល្អបែបនេះបន្តទៀត ហើយ Intel មិនអាចផ្លាស់ប្តូរសភាពរបស់ខ្លួនក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះនោះទេ។

M1 ធ្វើឲ្យ​ Apple មានលទ្ធភាពធ្វើបានច្រើនជាងមុន

ឈីបស៍ M1 របស់ Apple

ឈីបស៍ M1 របស់ Apple (ប្រភព៖​ Apple)

Apple បានបញ្ចេញ MacBook ជំនាន់ថ្មីរបស់ខ្លួនហើយដែលបំពាក់ទៅដោយឈីបស៍ថ្មីនោះគឺ Apple Silicon M1។ ឈីបស៍ M1 នេះប្រើគំរូស្ថាបត្យកម្ម ARM មិនមែន x86 ទៀតទេ។ បន្ថែមពីការប្តូរស្ថាបត្យកម្មនេះផងដែរ Apple បាន​រចនាវាជា SoC (System on Chip) ដែលគ្រប់យ៉ាងនៅលើឈីបស៍តែមួយតែម្ដងរួមមាន Processor, I/O និង Memory ជាដើម។

ក្នុងអត្ថបទមុន (មានអ្វីកើតឡើងពេល Apple ប្ដូរមក ARM?) ខ្ញុំបាននិយាយម្ដងហើយថាយើងត្រូវចាំមើលរបស់ពិតពេល Apple បញ្ចេញលក់ ហើយចាំមើលលទ្ធផលតេស្តរបស់អ្នកប្រើប្រាស់ផ្ទាល់ទើបអាចប្រាកដថា Apple ជោគជ័យឫអត់។ ហើយមួយរយះកន្លងមកនេះបន្ទាប់ពី Apple បានបញ្ចេញផលិតផល និងការតេស្តផ្ទាល់របស់អ្នកប្រើជាច្រើនបានបញ្ជាក់ថា Apple ធ្វើបានល្អជាងការរំពឹងទុកទៅទៀត។ វាដំណើរការបានលឿនល្អមិនថាកម្មវិធីជាកម្មវិធី Native ឫក៏ជាកម្មវិធីដំណើរការតាម Rosetta 2 ឡើយ។

នេះបានន័យថាយ៉ាងម៉េច? បានន័យថាគ្មានទៀតទេផលិតផល Apple ដែលប្រើ CPU របស់ Intel ដែលធ្វើឲ្យ Intel បាត់ទីផ្សារមួយចំណែកធំមួយទៀត។ លើសពីនេះទៅទៀត វានឹងជួយជម្រុញឲ្យក្រុមហ៊ុនផលិតកុំព្យូទ័រផ្សេងទៀតងាកមកមើលគំរូស្ថាបត្យកម្ម ARM កាន់តែច្រើនជាងមុនទៀតដែលវាក៏ហានិភ័យសម្រាប់ Intel ផងដែរ។

ការទិញយក Mellanox និង ARM ដោយ Nvidia

ការទិញយក Mellanox និង ARM ដោយ Nvidia

ការទិញយក Mellanox និង ARM ដោយ Nvidia

Nvida បានប្រកាស់ទិញយក Mellanox ដែលជាក្រុមហ៊ុនអ៊ីស្រាអ៊ែលអាមេរិកាំងដែលជាប់លេខមួយខាង Networking សម្រាប់ Super Computer ក្នុងតម្លៃ $7 ពាន់លានកាលពីដើមឆ្នាំមុន។ Nvidia បានបញ្ជាក់ច្បាស់ៗហើយថាគោលបំណងនៃការទិញនេះគឺដើម្បីកាន់កាប់ភាគរយក្នុងទីផ្សារ Data Center ឲ្យបានច្រើនជាងមុន ដោយនាំមកនូវបច្ចេកវិទ្យាដែលធ្វើឲ្យ High Performance Computing ទៅមុខមួយកម្រិតទៀតដោយប្រើឧបករណ៍គណនា កម្លាំងថាមពលអគ្គិសនី និងចំណាយតិចជាងមុន។

ថែមពីលើនេះទៀតថ្មីៗនេះ Nvidia បានប្រកាសទិញ ARM ក្រុមហ៊ុនចក្រភពអង់គ្លេសដែលកាន់កាប់ប៉ាតង់គំរូស្ថាបត្យកម្ម ARM ក្នុងតម្លៃ $40 ពាន់លាន។ គួរបញ្ជាក់ផងដែរថា ARM ជាគំរូស្ថាបត្យកម្មដែលមានលើឧបករណ៍រាប់លាននៅលើពិភាពលោកជាពិសេសទូរស័ព្ទដៃ និងឧបករណ៍ឆ្លាតវៃផ្សេងៗ។

ពេលនេះ Nivdia ដែលជាក្រុមហ៊ុននាំមុខរឿង Computing មានក្នុងដៃថែមទៀតក្រុមហ៊ុននាំមុខ High Computing Networking និងម្ចាស់ គំរូស្ថាបត្យកម្ម ARM។ នេះបញ្ជាក់កាន់តែច្បាស់ថែមទៀតពីមហិច្ចតារបស់ Nvidia ដើម្បីក្លាយជាអ្នកនាំមុខក្នុងទីផ្សារ Data Center។

វាបានន័យយ៉ាងណាសម្រាប់ Intel? យ៉ាងខ្លីគឺថា Intel នឹងបាត់ចំណែក Super Computer មួយទៀតនាពេលអនាគតយ៉ាងខ្លីខាងមុខនេះ។

Microsoft និង ARM-based Windows

រឿងការប្ដូរពី x86 មក ARM នេះ តាមពិតទៅ Microsoft បានចាប់ផ្តើមបញ្ចេញផលិតផលមុន Apple ទៅទៀតកាលពីឆ្នាំមុននោះគឺ Surface Pro X ដែលដំណើរការដោយឈីបស៍ Microsoft SQ® 2 ដែលប្រើគំរូស្ថាបត្យកម្ម ARM។

តែគួរឲ្យសោកស្ដាយ Microsoft មិនជោគជ័យទេសម្រាប់ការផ្លាស់ប្ដូរនេះនោះទេ ហើយហេតុផលសំខាន់នោះគឺកម្មវីធីដែលចាំបាច់សម្រាប់ការងារប្រចាំថ្ងៃជាច្រើនមិនអាចដំណើរការបានល្អជាមួយនឹងឈីបស៍នេះបាននោះទេ។ Microsoft មិនបានផ្ដល់វិធីដើម្បីជួយឲ្យកម្មវិធីដែលមានស្រាប់អាចដំណើរការបានល្អដូចដែល Apple បានជាមួយ Big Sur (Rosetta 2) នោះទេ។ តែដែលយើងគួរចាប់អារម្មណ៍នោះគឺថា Microsoft បានសរសេរ Windows ជាកំណែ ARM រួចរាល់ហើយ ហើយរួមទាំងកម្មវីធីដែលចាំបាច់បំផុតសម្រាប់អ្នកប្រើគ្រប់គ្នានោះគឺ Microsoft Office។

ខ្ញុំជឿថាបន្ទាប់ពីបានឃើញអ្វីដែល Apple បានធ្វើហើយនោះ Microsoft នឹងត្រលប់មកសារជាថ្មីម្ដងទៀតជាមួយ ARM-based Windows និងផ្ដល់នូវលក្ខណៈងាយស្រួលដែលអាចឲ្យគ្រប់កម្មវិធីទាំងចាស់ទាំងថ្មីអាចដំណើរការបានល្អជាមួយឈីបស៍ដែលប្រើគំរូស្ថាបត្យកម្ម ARM។

បើ Microsoft អាចធ្វើរឿងនេះបាននាឆ្នាំក្រោយ ឫពីរបីឆ្នាំខាងមុខនេះមែន នោះមានន័យថាក្រុមហ៊ុនផលិតកុំព្យូទ័រជាច្រើនងាកមកផ្តោតផលិតកុំព្យូទ័រដែលប្រើឈីបស៍ប្រើ ARM យ៉ាងពេញទំហឹងហើយ។ ហើយនេះមានន័យថាទំហំទីផ្សាររបស់ x86 និយាយជារួម (Intel និយាយជាប្រយោល) នឹងរួមកាន់តែតូចទៅៗនាពេលខាងមុខនេះជាក់ជាមិនខាន។

សរុបសេចក្ដី

សរុបជារួមទៅ Intel ដែលធ្លាប់តែជាអ្នកនាំមុខក្នុងវិស័យខួរក្បាលកុំព្យូទ័រនោះកំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់ការមួយ។ ខ្លួនមានមាឌធំកំរើកយឺត ស្របពេលដែលគូរប្រជែងធំៗរបស់ខ្លួនបានកំពុងនឹងរត់នាំមុខខ្លួនទៅហើយនោះ។ បើ Intel នៅតែមិនអាចធ្វើអ្វីបានច្រើនពីគុណវិបត្តិរបស់ខ្លួននាពេលសព្វថ្ងៃនេះបានលឿននោះទេ Intel នឹងពិតជាមានវាសនាដូច Nokia ជាក់ជាពុំខាននោះទេ។

ប្រភពសំអាង៖
ចំនួនអាន៖ 40
ចែករំលែក៖
រូបភាពជ្រើសរើស
កំពុងឡូដ...
អត្ថបទ​ពេញនិយម
Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

ដំណើរកម្សាន្តបោះតង់ និងឡើងជួរភ្នំឱរ៉ាល់របស់ខ្ញុំ

Article's thumbnail

ពេលធ្វើ Software Project មិនគួររំលងរបស់ទាំងអស់នេះ

Article's thumbnail

មានអ្វីកើតឡើងពេល Apple ប្ដូរមក ARM?

Article's thumbnail

អ្វីទៅ UX/UI?

អត្ថបទ​ថ្មីៗ
Article's thumbnail

ការប្រើប្រាស់ Dependency ក្នុងការ​សរសេរសូហ្វវែរ៍

Article's thumbnail

លាហើយបណ្ដាញសង្គម

Article's thumbnail

រឿងដែលកំពុងតែកើតឡើងមកលើ Intel

Article's thumbnail

ចាវ៉ាស្ក្រីបត៍ក្នុងប្រៅស៍ស័រ

Article's thumbnail

គួរប្រើ Storage មួយណាសម្រាប់វែបសាយ?

You've reached singularity, the beginning of time!